ខេត្តកោះកុង ៖ ក្មេងស្រីម្នាក់មានជំងឺស្គមស្គាំង និងរងាញាក់ញ័រ ព្រមទាំងរាករូស កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ក្នុងស្ថានភាពឯកោគ្មានអាណាព្យាបាលមើលថែទេក្រៅតែពីបុគ្គលិក នៃមន្ទីរពេទ្យ។
បុគ្គលិកមន្ទីរពេទ្យមួយរូបប្រាប់កោះសន្តិ ភាពថា ក្មេងស្រីនោះឈ្មោះសួន សំណាង អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលទៅសំរាកក្នុងមន្ទីរពេទ្យតាំងពីថ្ងៃទី១៧ កញ្ញា ដោយឪពុកម្តាយចិញ្ចឹមជាអ្នកនាំមក។ ឪពុកចិញ្ចឹមឈ្មោះហម និងម្តាយចិញ្ចឹមឈ្មោះម៉ាច។ ក្មេងស្រីនោះមានជំងឺដុនដាបខ្លាំងនោមមិនចេញទេ គ្រូពេទ្យបានប្រើឧបករណ៍សុង ដើម្បីបង្ហូរនោម។ តាមការពិនិត្យបុគ្គលិកពេទ្យប្រាប់ម្តាយថា កូនចិញ្ចឹមស្រីរបស់គាត់មិននៅបរិសុទ្ធទេ។ ពេលឮគ្រូពេទ្យនិយាយប្រាប់ដូច្នេះ ស្ត្រីជាម្តាយកើតការងឿងឆ្ងល់ ហើយព្យាយាមលួងលោមសួរកូនរបស់គាត់ ទើបនាងឆ្លើយប្រាប់ថា ឪពុកចិញ្ចឹមបានចាប់នាងរំលោភជាច្រើនដង។ បន្ទាប់ពីផ្ទុះរឿងចាប់រំលោភនេះ ឪពុកម្តាយចិញ្ចឹមបានគេចខ្លួនចោលកូនបាត់ស្រមោលបន្ទាប់ពីមើល នាងបានមួយថ្ងៃប៉ុណ្ណោះ ដោយទុកឱ្យកូនដេកព្យាបាលឯកោនៅក្នុងមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង នាយករងមន្ទីរសុខាភិបាលខេត្តប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១០ ថាឪពុកម្តាយចិញ្ចឹមរបស់ក្មេងស្រីនោះបានគេចខ្លួនបាត់មិនឃើញ ថែទាំកូនទេតាំងពីថ្ងៃទី៩ តុលា មកម៉្លេះ។ ទោះបីបែបណាក្តី ក្មេងស្រីនោះនៅមានមូលនិធិសមធម៌ឧបត្ថម្ភ៤.០០០រៀល និងថវិការបស់មន្ទីរ២.៥០០រៀល សរុប៦.៥០០រៀលក្នុងមួយថ្ងៃ ចំណែកអង្គការរ៉ៃឆា ជាអ្នកផ្គត់ផ្គង់បាយទឹកជាប្រចាំ។ លោកទៅ ម៉ឹង ប្រាប់ថា នៅថ្ងៃទី១៣ តុលា មន្ត្រីកាកបាទក្រហមខេត្ត និងមន្ត្រីអង្គការលីកាដូបានទៅសួរសុខទុក និងផ្តល់សារុង ក្រមា សាប៊ូ ថវិកាមួយចំនួនដល់ក្មេងស្រីរងគ្រោះ។ ដោយពិនិត្យឃើញនាងមានផ្ទុកមេរោគអេដស៍ ពេលនេះក្រុមអ្នកផ្ទុកមេរោគដូចគ្នាជាអ្នកមើលថែទៅវិញទៅមក តាមវេជ្ជបញ្ជារបស់មន្ទីរសុខាភិបាល និងអង្គការជាដៃគូ៕
|
|
0 comments:
Post a Comment