ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ក្រុង​សិរី​សោភ័ណ​លិច​ទឹក២៣៩ហិកតា

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយមន្រ្តីនានាបាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ ​ចំណុច​ទំនប់​ដែល​ដាច់

(​រូបថត រក្សា​)

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយមន្រ្តីនានាបាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋដែល​រង​ នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​

ខេត្ត​បន្ទាយ​មាន​​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយ​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង និង​អស់​លោក​តំណាង​ឱ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត មន្ទីរ​កសិ​កម្ម​ខេត្ត​ ព្រម​ទាំង​អាជ្ញា​ធរ​​ភូមិ សង្កាត់ បាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​ សិរី​សោភ័ណ ដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​សរុប​២៣៩​ហិក​តា។ បើ​តាម​ការ​រៀប​រាប់​​របស់​អាជ្ញា​ធរ​​ភូមិ-​សង្កាត់​ ​ពី​ផល​ប៉ះ​ពាល់​ស្រូវ​ប្រជា​ពលរដ្ឋ​នេះ គឺស្ថិត​នៅ​ខាង​ត្បូង​ប្រឡាយ​មេ​​មាន​ទឹក​ជំនន់​ជន់​លិច​ស្រូវ​ច្រើន​ ចំណែក​ខាង​ជើង​ប្រឡាយ​មេ​ពុំ​សូវ​មាន​ទឹក​ប៉ុន្មាន​ទេ ទាំង​នេះ​​​បណ្តាល​មក​ពី​ប្រព័ន្ធ​ចែក​ចាយ​ទឹក​តិច ហើយ​ប្រព័ន្ធ​ចែក​ចាយ​ដែល​មាន​នោះ​មាន​ទំហំ​​តូច​ទឹក​ហូរ​មិន​ទាន់ ទើប​បណ្តាល​ឱ្យ​ខូច​ខាត​ស្រូវ​​ ព្រោះ​​ត្រូវ​​ទឹក​លិច​អស់​រយៈ​ពេល​២​ទៅ៣​ខែ​មក​ហើយ។

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង និង​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​សិរី​​សោភ័ណ បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​​​បាន​នូវ​របាយ​ការណ៍​ពី អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ​-សង្កាត់​​ នៅ​ព្រឹក​ថ្ងៃ​ទី១៤ តុលា ឆ្នាំ ២០១០ លោក​បាន​ដឹក​នាំ​ប្រតិភូ​រួម​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ជាក់​ ស្តែង​ឃើញ​​ថា ស្រូវ​ដែល​រង​នូវ​ការ​ខូច​ខាង​ទាំង​ស្រុង គឺ​​នៅ​សង្កាត់​ទឹក​ថ្លា សរុប​១៥០​ហិកតា ក្នុង​នោះ​ភូមិ​គាប ចំនួន​៨៤​ហិក​តា ភ្នំ​បាក់​១១​ហិកតា ទំនប់​ជ្រៃ​៥៥​ហិកតា។ រីឯ​​សង្កាត់​អូរ​អំបិល​សរុប​​៨៩​ហិកតា រួម​មាន​ភូមិ​រោង​ម៉ាស៊ីន​ចំនួន​១៩​ហិក​តា ប្រហ៊ូត​២០​ហិកតា និង​ទំនប់​ផ្តោ​៥០​ហិកតា សរុប​ទាំង​២​សង្កាត់​២៣៩​ហិកតា។ ហើយ​ភូមិ​សាស្ត្រ​​ដែល​រង​នូវ​ផល​ប៉ះ​ពាល់​នេះ​ គឺ​ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​សង្កាត់​ទឹក​ថ្លា និង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរី​សោភ័ណ បាន​​បញ្ជាក់​​ថា អាជ្ញា​ធរ​ភូមិ​-សង្កាត់​បាន​សំណូម​ពរ​ដល់​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​តាម​រយៈ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បន្ទាយ​មាន​ជ័យ សុំ​បង្កើត​លូ​បង្ហូរ​ទឹក​ចំនួន​២​កន្លែង ដែល​មាន​មុខ​កាត់​១០០សង្ទី​ម៉ែត្រ និង​ទ្វារ​បង្ហូរ​ទឹក​មាន​​ទ្វារ​៦​ត្រង់​ចំណុច​ទំនប់​ដែល​ដាច់។ លោក​អនុ​ប្រធាន​​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​ថា ប្រឡាយ​មេ​ដែល​ក្រសួងធន​ធាន​ទឹក និង​ឧតុ​និយម​បាន​​ធ្វើ​នៅ តំបន់​នេះ​មាន​២​ដំណាក់​កាល​ គឺឆ្នាំ​២០០៩ និង​២០១០ ប្រវែង​សរុប​១០.២២៤​ម៉ែត្រ និង​មាន​លូ​ទឹក និង​ទ្វារ​ទឹក​ចំនួ​ន៣៤​កន្លែង។ ក្រសួង​មាន​គំរោង​ធ្វើ​ប្រឡាយ​មេ​ប្រវែង​៩០០​ម៉ែត្រ​ទៀត​តភ្ជាប់​នឹង​ផ្លូវ​ ជាតិ​លេខ​៥ ដើម្បី​ស្រោច​​ស្រព​លើ​ផ្ទៃ​ដី​៣.១៩៥​ហិកតា​ទៀត ក្នុង​សង្កាត់​ព្រះ​ពន្លា និង​អូរ​អំបិល រួម​ទាំង​ស្រុក​មង្គល​បុរី ក្នុង​ឃុំ​ឫស្សី​ក្រោក​ផង​ដែរ។ ចំពោះ​សំណើ​សុំ​​ធ្វើ​លូ និង​​ទ្វារ​បង្ហូរ​ទឹក​​ខាង​លើ​ លោក​នឹង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​​ឱ្យ​បាន​ជ្រាប​ផង​ដែរ៕

0 comments:

Post a Comment

Followers

Related Posts Plugin for WordPress, Blogger...