ថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០១០
ខេត្ត បន្ទាយមានជ័យ ៖ ជាហេតុផលដែលស្ទើរតែស្មានមិនដល់ ចំពោះការជ្រើសរើសវិធីធ្វើអត្តឃាត ព្រោះតែបុរសដែលនាងស្រលាញ់ប្តូរផ្តាច់ និងរំពឹងថា ជាគូអនាគតលុះអវសាននៃជីវិតនោះ បែរជាចាស់ៗថា ខុសថ្ងៃខែយកគ្នាមិនបាន។ ដោយសារបំណងកប់ក្នុងបេះដូងត្រូវបរាជ័យ បានធ្វើឱ្យនាងក្រមុំរូបស្រស់សោភាម្នាក់ធ្វើអត្តឃាតមិនអាច ជួយបាន។ នាងក្រមុំដែលបរាជ័យ នឹងបញ្ហានេះឈ្មោះស៊ុក សោភ័ស្ស អាយុ១៧ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើអត្តឃាតដោយផឹកថ្នាំពុលសម្លាប់ខ្លួនទាំងវ័យក្មេង ព្រោះតែតូចចិត្តនឹងវាសនារបស់នាងដែលគ្មានឱកាសបានរៀបការជា មួយសង្សារសំណព្វចិត្តរបស់ខ្លួនឈ្មោះគឹម ហ្គោរាំង អាយុ២១ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងត្រូវជាបងជីដូនមួយរបស់នាងផងដែរ។
ហេតុការណ៍ដែលភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ តុលា។ លោកវរសេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា បើតាមសំដីអះអាងពីឈ្មោះអ៊ឹម ស៊ឹម អាយុ៥១ឆ្នាំ ជាឪពុក និងឈ្មោះព្រីន មុំ អាយុ៤៧ឆ្នាំ ជាម្តាយបានប្រាប់សមត្ថកិច្ចដែលចុះទៅពិនិត្យសពថា កូនស្រីរបស់គាត់ដែលឈានដល់ការធ្វើអត្តឃាតនេះ ទំនងមកពីនាងមានវិបត្តិផ្លូវចិត្តរឿងសង្សារត្រូវជាបងជីដូនមួយ ដែលបានស្រឡាញ់គ្នាចាក់ទឹកមិនលិចអស់រយៈពេល៣ឆ្នាំមកហើយ។ ចំពោះពួកគាត់ជាអ្នកអាណាព្យាបាលក៏គ្មានបំណងបំបែកបំបាក់ស្នេហា របស់ពួកគេដែរ ព្រោះឈ្មោះគឹម ហ្គោរាំង ជាក្មួយបង្កើតរបស់គាត់ ហើយក៏ត្រូវជាបងជីដូនមួយកូនស្រីគាត់ដែរ។
ពួកគាត់បានរៀបរាប់ថា មុនពេលកើតហេតុប៉ុន្មានថ្ងៃមុននេះ គាត់បានយកថ្ងៃ ខែ ឆ្នាំ ឈ្មោះគឹម ហ្គោរាំង និងថ្ងៃ ខែឆ្នាំកូនស្រីរបស់គាត់ទៅឱ្យគ្រូមើល តែមិនត្រូវគ្នា គឺឡាក់ឆុងមិនអាចរៀបការបានទេ។ ប្រហែលជានាងដឹងរឿងនោះហើយ បានជានាងសុខចិត្តធ្វើអត្តឃាតដោយលួចផឹកថ្នាំពុលសំលាប់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្មោះស្ម័គ្ររបស់នាង។ មន្ត្រីនគរបាលដែលបានចុះទៅត្រួតពិនិត្យផ្ទះជនរងគ្រោះ ក៏បានបញ្ជាក់ថា បើតាមការឱ្យដឹងពីឪពុក គឺនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ តុលា គាត់បានឃើញកូនស្រីចុះពីលើផ្ទះមកដី គាត់ចាំឃ្លាំមើលមួយសន្ទុះក៏ឡើងមកវិញ ហើយគាត់ក៏បិទភ្លើងដេកទៅ។ ប្រហែលជា១៥នាទីក្រោយមក ស្រាប់តែឮសំលេងកូនស្រីគាត់ស្រែកឱ្យជួយពេលនោះទើបដឹងថា កូនស្រីគាត់លេបថ្នាំពុល រួចទៅហើយ តែមិនដឹងជាថ្នាំប្រភេទអ្វីនោះទេ។ ពេលនោះគាត់បានយកកូនស្រីទៅមណ្ឌលសុខភាពសង្កាត់កំពង់ស្វាយ និងបន្តដឹកទៅព្យាបាលនៅគ្លីនិកយីហោទេវិនរក្សាសុខ រួចបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុននៅស្រុក មង្គលបុរីទៀត ប៉ុន្តែដោយអំណាចថ្នាំពុលខ្លាំង នាងក៏បានស្លាប់នៅវេលាម៉ោង១២យប់ក្នុងថ្ងៃដដែល។
លោកវរសេនីយ៍ត្រី រ៉ែម វីរៈ បានបន្តឱ្យដឹងថា សពនារីរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចប្រគល់ឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ តាមប្រភពព័ត៌មានពីក្នុងពិធីបុណ្យបានឱ្យដឹងថា យុវជនគឹម ហ្គោរាំង ក៏បានមកចូលរួមក្នុងពិធីបុណ្យសពទាំងក្តីក្តុកក្តួលនេះដែរ រូបគេបានបង្ហាញនូវការសោកស្តាយបំផុតដែលនាងបានធ្វើអត្តឃាត។ តាមព័ត៌មានថា ពួកគេទាំង២មានឪពុកជាបងប្អូនបង្កើតនឹងគ្នា។ មេបាមួយរូបនិយាយថា កូនប្រុសឆ្នាំមមែ ខែអាសាធ ថ្ងៃសុក្រ ឯកូនស្រីឆ្នាំច ខែអស្សុជ ថ្ងៃសៅរ៍។ ពួកគេបងប្អូនគ្នា៤ឆ្នាំជាឆ្នាំគូតាមការទស្សន៍ទាយមិនអាចយក គ្នាជាប្តី-ប្រពន្ធបានទេ បើក្ររកបាយស៊ីមិនបានផង។ គេមិនដឹងថា ទំនាយបែបនេះមានឥទ្ធិពលបែបណាមកលើជីវិតជាក់ស្តែងរបស់មនុស្ស នោះទេ។ ជំរើសយកវិធីធ្វើអត្តឃាតបែបនេះ ជាភាពទាល់ច្រកមួយនៃបញ្ហាស្នេហាដែលមិនគប្បីជ្រើសរើសយកវាឡើយ។ គួរឱ្យសោកស្តាយណាស់ ចំពោះគំនិតខ្លីបែបនេះ៕
|
|
0 comments:
Post a Comment