ថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០១០
ខេត្ត ឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មាននាល្ងាចថ្ងៃទី១២ តុលា បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលនៅតែឡើងភ្នំដងរែកស៊ីឈ្នួលកាប់ឈើគ្រញូង ត្រូវបានទាហានឈុតខ្មៅសៀមបាញ់ស្លាប់២របួស១ រត់រួច៥នាក់។ ហេតុការណ៍ទាហានសៀមបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១១ តុលា ឆ្នាំ២០១០ នៅចំណុចអូរទឹកចោល ភូមិកសិពោធិ វង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង។
អ្នកស្លាប់ទី១-ឈ្មោះទិត្យ ប្រាច ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះវុធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ ទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុ ទី៣-ឈ្មោះសែត ណាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង៣នាក់រស់នៅភូមិកសិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង រីឯ៥នាក់ទៀតបានរត់រួច។
ទោះបីជាបែបណា លោកវរសេនីយ៍ឯកណាញ់ សុវណ្ណ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែននាមាត់ច្រកទ្វារអន្តរជាតិ អូរស្មាច់បានឱ្យកោះសន្តិភាពដឹងថា ព័ត៌មាននេះលោកក៏បានឮដែរ តែលោកពុំទាន់បានទទួលព័ត៌មានច្បាស់ការណ៍នៅឡើយទេ ហើយលោកបាននិងកំពុងចាត់ឱ្យមន្ត្រីការងាររបស់ធ្វើការទំនាក់ទំនង ទៅខាងភាគីថៃ ហើយដើម្បីបញ្ជាក់ពីព័ត៌មាននេះ ទើបលោកអាចបំភ្លឺបាន៕
|
|
0 comments:
Post a Comment