ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់យ៉ាងខ្លាំងចំពោះអ្នកប្រឆាំងដែលបានប្តឹងសម្តេចនៅតុលា ការក្រុងញូវយ៉ក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានច្រានចោលសំដីអគុណធម៌របស់អ្នក ប្រឆាំងដែលបាននិយាយប្រមាថដោយសម្តេចបានបញ្ជាក់ថា សុំទោស អ្នកណាលុតជង្គង់អង្វរអ្នកណា...? អ្នកណាសុំទោសអ្នកណា...?
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់ខ្លាំងៗបែបនេះ នាព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១០ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន៣៧៣នាក់ នារី១៦២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០០៧-២០០៨ និងឆ្នាំសិក្សា២០០៨-២០០៩ ។ ពាក់ព័ន្ធបញ្ហាខាងលើសម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីឆ្នាំ២០០៥ សរសេរសំបុត្រសុំទោសមកខ្ញុំច្បាស់ណាស់ ។ ពេលនោះខ្ញុំក៏ស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ។ ហើយពេលនោះសម្តេចក្រុមព្រះមិនអស់ព្រះទ័យទេ ដោយសារបណ្តឹងជាបណ្តឹងរបស់លោក...រួចទៅសុំលើកលែងទោសពីនាយក រដ្ឋមន្ត្រី ។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ធ្ងរថា សុំទោស «ឆ្កែខាំជើងខ្ញុំ ខ្ញុំមិនខាំជើងឆ្កែវិញទេ ក៏ប៉ុន្តែខ្ញុំយកជើងទាត់ឆ្កែតែម្តង» ។ ចាំទុកទៅលើកលែងទោសពេលហ្នឹង ឱ្យមកជួយកែរដ្ឋធម្មនុញ្ញទេបងប្រុស ។ បើស្គាល់ហ៊ុន សែន មិនច្បាស់ទេ រៀនស្គាល់បន្ថែមទៀត ។ អ្នកដែលលើកអំណាចជូនគណបក្សប្រជាជនដោយដៃទាំងពីរ គឺគណបក្សប្រឆាំងដែលជួយកែរដ្ឋធម្មនុញ្ញពីការបង្កើតរដ្ឋាភិបាល ដោយសម្លេង២/៣មក ៥០+១ ស៊ីដាច់ប៉ិតទទេ ។ ចំណែកបក្សនយោបាយនានា បើចង់ជេរ ជេរគណបក្សប្រឆាំងទៅអីក៏ល្ងង់ម៉្លេះ បើទុក២/៣តថ្លៃ លៀនអណ្តាត គណបក្សប្រជាជនមាន៦០-៧០ភាគបង្កើតរដ្ឋាភិបាលអត់បានគាំងមួយ ឆ្នាំ ។ តថ្លៃអង្គៀមឆ្អឹងនៅទ្រឹង...ចេះប្រើណាស់ប្រព័ន្ធ២/៣ ។ បើដូច្នោះគេបង្រៀនរបៀបនេះទៅហើយ បោះឆ្នោតហើយគេទៅរួមគ្នាគេទៅ ដល់យើងតថ្លៃបន្តិចទៅឱ្យច្រើនទៅក៏មកម្តងជាពីរដង ។ សម្តេចតេជោបញ្ជាក់ថា លេងម្តងឱ្យចប់តែម្តង ហើយឱ្យមានស្ថិរភាពប្រទេសផងដែរ កុំឱ្យបោះឆ្នោតរួចហើយវាគាំង ឥឡូវនេះគណបក្សប្រជាជនកំពុងគ្រប់គ្រងជាង២/៣ ។
សម្តេចធ្លាប់បានមានប្រសាសន៍ច្រើនដងហើយថា ទោះបីគណបក្សប្រជាជនក្នុង១អាណត្តិចុះ១០កៅអីក៏ដោយ ឆ្នាំ២០១៣ ចុះ១០កៅអីទៀត ក៏គណបក្សប្រជាជននៅតែឈ្នះ ។ ដល់ឆ្នាំ២០១៨ ចុះ១០កៅអីទៀត សល់៧០កៅអីក៏នៅតែឈ្នះ អីុចឹងលោកឯងដេកចាំធ្វើនាយករដ្ឋមន្ត្រីទៅ...។ សម្តេចបានបង្ហើបឱ្យដឹងថា កូនសោសំរាប់បើកចូលស្រុកខ្មែរ គឺហ៊ុន សែន ។ ឥឡូវឱ្យហ៊ុន សែន អង្វរ...ចាំតើ ។ ហើយតុលាការណាមានសិទ្ធិមកធ្វើខ្ញុំ ។ តុលាការអាមេរិកមានសិទ្ធិអ្វីមកលើនាយករដ្ឋមន្ត្រីខ្មែរ ។ ខ្ញុំថានេះប្រហែលជាឆ្កួតទេ...។ សូមពិនិត្យតែខ្លួនឯងទៅ សូមផ្តាំទៅវិញផង ទំនាស់នោះវាមានច្រើនពេកហើយ ឥឡូវមានអ៊ុនតាក់ក្នុងបក្សនយោបាយមួយដោះដូរប្រធានខេត្តនេះ ខេត្តនោះវិលអស់ហើយ មិនដឹងជាអ្នកណាជឿអ្នកណាទេ គិតតែខ្លួនឯងទៅ ពង្រឹងខ្លួនឯងទៅ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សម្តេចត្រូវទៅអឺរ៉ុបទៀត ទៅប្តឹងនៅប៊្រុចសែលទៀតទៅ ព្រោះនោះជាកន្លែង NATO ហើយ ។ ក្នុងឋានៈជាអ្នកសំរបសំរួលអាស៊ាន-អឺរ៉ុប សម្តេចនឹងថ្លែងសុន្ទរកថាជាមួយអ្នកដទៃទៀតក្នុងពេលបើក ហើយក៏ចូលរួមសន្និសីទសារព័ត៌មាននៅវគ្គចុងក្រោយ ។ បើថាមិនខ្មេះទេ នេះពិតជាមិនស្គាល់មេឃកំពស់ណាមែន ខ្លួនឯងសរសេរសំបុត្រសុំទោសគេ ដើម្បីសុំចូលស្រុក បែរជាឥឡូវមកប្តឹងគេវិញ ល្អមើលម្យ៉ាងដែរ ៕
|
|
0 comments:
Post a Comment