Showing posts with label ខេមរភាសា. Show all posts
Showing posts with label ខេមរភាសា. Show all posts

ដំណាំ​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ក្រុង​សិរី​សោភ័ណ​លិច​ទឹក២៣៩ហិកតា

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយមន្រ្តីនានាបាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ ​ចំណុច​ទំនប់​ដែល​ដាច់

(​រូបថត រក្សា​)

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយមន្រ្តីនានាបាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋដែល​រង​ នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​

ខេត្ត​បន្ទាយ​មាន​​ជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរីសោភ័ណ រួម​ដំណើរ​ដោយ​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង និង​អស់​លោក​តំណាង​ឱ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត មន្ទីរ​កសិ​កម្ម​ខេត្ត​ ព្រម​ទាំង​អាជ្ញា​ធរ​​ភូមិ សង្កាត់ បាន​ចុះ​ពិនិត្យ​​ស្រូវ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​សង្កាត់​ក្នុង​ក្រុង​ សិរី​សោភ័ណ ដែល​រង​នូវ​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​សរុប​២៣៩​ហិក​តា។ បើ​តាម​ការ​រៀប​រាប់​​របស់​អាជ្ញា​ធរ​​ភូមិ-​សង្កាត់​ ​ពី​ផល​ប៉ះ​ពាល់​ស្រូវ​ប្រជា​ពលរដ្ឋ​នេះ គឺស្ថិត​នៅ​ខាង​ត្បូង​ប្រឡាយ​មេ​​មាន​ទឹក​ជំនន់​ជន់​លិច​ស្រូវ​ច្រើន​ ចំណែក​ខាង​ជើង​ប្រឡាយ​មេ​ពុំ​សូវ​មាន​ទឹក​ប៉ុន្មាន​ទេ ទាំង​នេះ​​​បណ្តាល​មក​ពី​ប្រព័ន្ធ​ចែក​ចាយ​ទឹក​តិច ហើយ​ប្រព័ន្ធ​ចែក​ចាយ​ដែល​មាន​នោះ​មាន​ទំហំ​​តូច​ទឹក​ហូរ​មិន​ទាន់ ទើប​បណ្តាល​ឱ្យ​ខូច​ខាត​ស្រូវ​​ ព្រោះ​​ត្រូវ​​ទឹក​លិច​អស់​រយៈ​ពេល​២​ទៅ៣​ខែ​មក​ហើយ។

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង និង​លោក​គី ឈួង ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​សិរី​​សោភ័ណ បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​​​បាន​នូវ​របាយ​ការណ៍​ពី អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ​-សង្កាត់​​ នៅ​ព្រឹក​ថ្ងៃ​ទី១៤ តុលា ឆ្នាំ ២០១០ លោក​បាន​ដឹក​នាំ​ប្រតិភូ​រួម​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ចុះ​ទៅ​ពិនិត្យ​ជាក់​ ស្តែង​ឃើញ​​ថា ស្រូវ​ដែល​រង​នូវ​ការ​ខូច​ខាង​ទាំង​ស្រុង គឺ​​នៅ​សង្កាត់​ទឹក​ថ្លា សរុប​១៥០​ហិកតា ក្នុង​នោះ​ភូមិ​គាប ចំនួន​៨៤​ហិក​តា ភ្នំ​បាក់​១១​ហិកតា ទំនប់​ជ្រៃ​៥៥​ហិកតា។ រីឯ​​សង្កាត់​អូរ​អំបិល​សរុប​​៨៩​ហិកតា រួម​មាន​ភូមិ​រោង​ម៉ាស៊ីន​ចំនួន​១៩​ហិក​តា ប្រហ៊ូត​២០​ហិកតា និង​ទំនប់​ផ្តោ​៥០​ហិកតា សរុប​ទាំង​២​សង្កាត់​២៣៩​ហិកតា។ ហើយ​ភូមិ​សាស្ត្រ​​ដែល​រង​នូវ​ផល​ប៉ះ​ពាល់​នេះ​ គឺ​ស្ថិត​នៅ​ចំណុច​ព្រំ​ប្រទល់​សង្កាត់​ទឹក​ថ្លា និង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។

លោក​អ៊ុំ រាត្រី អភិ​បាល​ក្រុង​សិរី​សោភ័ណ បាន​​បញ្ជាក់​​ថា អាជ្ញា​ធរ​ភូមិ​-សង្កាត់​បាន​សំណូម​ពរ​ដល់​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​តាម​រយៈ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​ខេត្ត​បន្ទាយ​មាន​ជ័យ សុំ​បង្កើត​លូ​បង្ហូរ​ទឹក​ចំនួន​២​កន្លែង ដែល​មាន​មុខ​កាត់​១០០សង្ទី​ម៉ែត្រ និង​ទ្វារ​បង្ហូរ​ទឹក​មាន​​ទ្វារ​៦​ត្រង់​ចំណុច​ទំនប់​ដែល​ដាច់។ លោក​អនុ​ប្រធាន​​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម​​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​ថា ប្រឡាយ​មេ​ដែល​ក្រសួងធន​ធាន​ទឹក និង​ឧតុ​និយម​បាន​​ធ្វើ​នៅ តំបន់​នេះ​មាន​២​ដំណាក់​កាល​ គឺឆ្នាំ​២០០៩ និង​២០១០ ប្រវែង​សរុប​១០.២២៤​ម៉ែត្រ និង​មាន​លូ​ទឹក និង​ទ្វារ​ទឹក​ចំនួ​ន៣៤​កន្លែង។ ក្រសួង​មាន​គំរោង​ធ្វើ​ប្រឡាយ​មេ​ប្រវែង​៩០០​ម៉ែត្រ​ទៀត​តភ្ជាប់​នឹង​ផ្លូវ​ ជាតិ​លេខ​៥ ដើម្បី​ស្រោច​​ស្រព​លើ​ផ្ទៃ​ដី​៣.១៩៥​ហិកតា​ទៀត ក្នុង​សង្កាត់​ព្រះ​ពន្លា និង​អូរ​អំបិល រួម​ទាំង​ស្រុក​មង្គល​បុរី ក្នុង​ឃុំ​ឫស្សី​ក្រោក​ផង​ដែរ។ ចំពោះ​សំណើ​សុំ​​ធ្វើ​លូ និង​​ទ្វារ​បង្ហូរ​ទឹក​​ខាង​លើ​ លោក​នឹង​ធ្វើ​របាយ​ការណ៍​ជូន​ថ្នាក់​លើ​​ឱ្យ​បាន​ជ្រាប​ផង​ដែរ៕

ក្មេង​ស្រី​​ត្រូវ​ឪពុក​ចិញ្ចឹម​ផ្ទុក​មេរោគ​អេដស៍​រំលោភ​រួច​​យក​​ទៅ​ទុក​ចោល​ក្នុង​មន្ទីរ​ពេទ្យ

ក្មេង​ស្រី​រង​គ្រោះ

(រូបថត ឃុនឆាង)

ក្មេង​ស្រី​រង​គ្រោះ

ខេត្ត​កោះ​កុង ៖ ​ក្មេង​ស្រី​ម្នាក់​​មាន​ជំងឺ​ស្គម​ស្គាំង​ និង​រងា​ញាក់​ញ័រ​ ព្រម​ទាំង​រាក​រូស​​ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កោះ​កុង ​ក្នុង​ស្ថាន​ភាព​ឯកោ​គ្មាន​អាណា​ព្យាបាល​​មើល​ថែ​​ទេ​ក្រៅ​តែ​ពី​បុគ្គ​លិក ​នៃ​មន្ទីរ​ពេទ្យ។
បុគ្គ​លិក​មន្ទីរ​ពេទ្យ​មួយ​រូប​​​ប្រាប់​កោះ​សន្តិ​ ភាព​ថា ក្មេង​ស្រី​​​នោះ​ឈ្មោះ​សួន សំណាង អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​៤ សង្កាត់​ដង​ទង់ ក្រុង​ខេមរ​ភូមិន្ទ ខេត្ត​កោះ​កុង បាន​ចូល​ទៅ​សំរាក​ក្នុង​មន្ទីរ​ពេទ្យ​​តាំង​​ពី​ថ្ងៃ​ទី​១៧ កញ្ញា ​ដោយ​​ឪពុក​ម្តាយ​ចិញ្ចឹម​ជា​អ្នក​នាំ​​មក។ ​ឪពុក​ចិញ្ចឹម​​ឈ្មោះ​ហម និង​ម្តាយ​ចិញ្ចឹម​ឈ្មោះ​ម៉ាច។​ ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដុន​ដាប​ខ្លាំង​​នោម​មិន​ចេញទេ​ គ្រូ​ពេទ្យ​បាន​ប្រើ​ឧបករណ៍​​សុង ដើម្បី​បង្ហូរ​នោម។ តាម​ការ​ពិនិត្យ​បុគ្គ​លិក​ពេទ្យ​​ប្រាប់​​ម្តាយ​​ថា កូន​​ចិញ្ចឹម​ស្រី​របស់​គាត់​មិន​នៅ​បរិសុទ្ធ​​ទេ។ ពេល​ឮ​គ្រូ​ពេទ្យ​និយាយ​ប្រាប់​​​ដូច្នេះ ​​ស្ត្រី​ជា​ម្តាយ​កើត​ការ​ងឿង​ឆ្ងល់ ហើយ​ព្យាយាម​លួង​លោម​សួរ​កូន​របស់​គាត់​ ទើប​នាង​​​ឆ្លើយ​​ប្រាប់​ថា ឪពុក​ចិញ្ចឹម​​បាន​​ចាប់​​​​នាង​រំលោភ​ជា​ច្រើន​ដង។ បន្ទាប់​ពី​ផ្ទុះ​រឿង​ចាប់​រំលោភ​នេះ​ ឪពុក​ម្តាយ​ចិញ្ចឹម​បាន​គេច​ខ្លួន​ចោល​កូន​​បាត់​ស្រមោល​​បន្ទាប់​ពី​មើល​ នាង​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ទុក​ឱ្យ​កូន​ដេក​ព្យាបាល​​ឯកោ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។

លោក​វេជ្ជ​​បណ្ឌិត ទៅ ម៉ឹង នាយក​រង​មន្ទីរ​សុខា​ភិបាល​ខេត្ត​​​ប្រាប់​កោះ​សន្តិ​ភាព​នៅ​​ព្រឹក​​ថ្ងៃ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ ថាឪពុក​ម្តាយ​ចិញ្ចឹម​របស់​ក្មេង​ស្រី​​នោះ​បាន​គេច​ខ្លួន​​បាត់​​មិន​ឃើញ​​ ថែទាំ​កូន​ទេ​តាំង​ពី​ថ្ងៃ​ទី​៩ តុលា មក​ម៉្លេះ។ ​​ទោះ​បី​បែប​​ណា​​ក្តី​ ក្មេង​ស្រី​​នោះ​​​នៅ​មាន​មូល​និធិ​សម​ធម៌​ឧបត្ថម្ភ​​៤.០០០​រៀល និង​ថវិកា​របស់​មន្ទីរ​២.៥០០​​រៀល សរុប​​៦.៥០០​រៀល​ក្នុង​មួយ​ថ្ងៃ ចំណែក​អង្គ​ការ​រ៉ៃឆា ជា​អ្នកផ្គត់​ផ្គង់​បាយ​ទឹក​ជា​ប្រចាំ។ លោក​ទៅ ម៉ឹង ប្រាប់​​ថា នៅ​ថ្ងៃ​ទី​១៣ តុលា ​មន្ត្រី​​កាក​បាទ​ក្រហម​​ខេត្ត និង​មន្ត្រី​អង្គ​ការ​លីកាដូ​​បាន​ទៅ​សួរ​សុខ​ទុក និង​​​ផ្តល់​សារុង​ ក្រមា សាប៊ូ ​​ថវិកា​មួយ​ចំនួន​​ដល់​ក្មេង​ស្រី​រង​គ្រោះ។ ​ដោយ​​ពិនិត្យ​ឃើញ​នាង​មាន​ផ្ទុក​មេរោគ​​អេដស៍​ ពេល​នេះ​ក្រុម​អ្នក​ផ្ទុក​មេរោគ​ដូច​គ្នា​ជា​អ្នក​មើល​​​ថែ​ទៅ​​វិញ​ទៅ​មក​ តាម​វេជ្ជ​បញ្ជា​របស់​មន្ទីរ​សុខា​ភិបាល និង​អង្គ​ការ​ជា​ដៃគូ៕

នាំ​ខ្លួន​នាង​ សុខ​ណា ទិវា​០៦ ​ឡើង​សវនា​​ការ​ តែមេធាវី​សុំ​ពន្យារពេល


ជន​ជាប់​ចោទ​​ឈ្មោះ​នាង សុខ​ណា ហៅ​ត្រេន ដែល​មាន​រហស្សនាម​ទិវា​០៦

(រូបថត ប៊ុនណាក់)

ជន​ជាប់​ចោទ​​ឈ្មោះ​នាង សុខ​ណា ហៅ​ត្រេន ដែល​មាន​រហស្សនាម​ទិវា​០៦

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី​១៤ តុលា អនុរក្ស​ពន្ធនាគារ​ប៉េ​ហ្ស៊ី បាន ​នាំជន​ជាប់​ចោទ​​ឈ្មោះ​នាង សុខ​ណា ហៅ​ត្រេន ដែល​មាន​រហស្សនាម​ទិវា​០៦ អតីត ​អនុ​ប្រធានការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ឡើង​ សវនាការ ដោយ​ជាប់ពាក់ព័ន្ធ​បណ្តឹង​ថា បាន​ដាក់​ថ្នាំ​ញៀន​ហួស​ប្រមាណ​ សំលាប់កូន​​ចៅ​ (មន្ត្រី​ប៉ូលិស​) ក្នុងពេល​ផឹកស៊ី ប៉ុន្តែ​​ត្រូវពន្យារពេល ​វិញ ដោយ​សារ​មេធាវី​ជាប់​បំពេញ​ភារកិច្ច។

ឈ្មោះ​នាង​ សុខ​ណា ភេទប្រុស អាយុ៣៦​ឆ្នាំ ​អតីត​អនុ​ប្រធានការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​​ កំរិតស្រាល រាជធានី​ភ្នំពេញ មាន​ភារកិច្ច​​ទទួលខុសត្រូវ​ក្រុម​​ម៉ូតូប្រដេញ ​ ហៅ​ខ្លា​ហោះ។ រី​ឯ​ជនរងគ្រោះ​ដល់​ជីវិត​ឈ្មោះ​ទឹម ទិត្យា ភេទ ប្រុស​ អាយុ ​៣៧​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៃ​ស្នងការ​​រាជ​​ធានីភ្នំពេញ និងត្រូវ​ជា​ កូនចៅ​របស់ឈ្មោះ​​នាង សុខ​ណា ហៅ​ត្រេន ឬ​ទិវា​០៦ នោះតែ​ម្តង។

ការនាំ ​ខ្លួន​ជន​ជាប់ចោទ​​ឡើង​សវនាការ​​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ នា​ រសៀលថ្ងៃទី​១៤ តុលា នេះ មិនត្រូវ​បាន​ដំណើរ​ការ​​ចប់​ចុង​ចប់​​ដើម​​ទេ ដោយ​ លោក​ណាច ទ្រី មេធាវិ​ការ​ពារ​​ក្តី ឱ្យ​ជន​ជាប់​ចោទ​បាន​សុំ​ពន្យារ​ពេល​ មូល​ហេតុ​ លោក​ជាប់​សវនាការ​រឿង​ផ្សេង​ទៀត​នៅ​សាលា​ឧទ្ធ​រណ៍ ហើយ​លោក​ចៅក្រម ​ក៏សំរេច​លើក​​ពេល។

គួរ​បញ្ជាក់​ថា ឈ្មោះ​នាង សុខណា ហៅ​ត្រេន រហស្ស ​ នាម​ទិវា​​០៦ ត្រូវបាន​លោក​ទឹម សារឹម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ត្រូវជា​ឪពុក ​បង្កើត​​ជនរងគ្រោះ ដល់ជីវិត​ឈ្មោះ​​ទឹម​ ទិត្យា ប្តឹង​ចោទ​ប្រកាន់​ថាជា​ អ្នក​ដាក់ថ្នាំញៀន​ហួស​ប្រមាណ​​នៅ​ក្នុង​កែវ​ស្រាបៀរសំលាប់កូន​ប្រុស​គាត់៕

សម្តេច​តេជោ ៖ គេ​ធ្លាប់​សរសេរ​សំបុត្រ​សុំ​ទោស​ខ្ញុំ​ថា ការ​ចោទ​ប្រកាន់​មិន​ពិត​ តើ​អ្នក​​ណា​លុត​ជង្គង់​អង្វរ​អ្នក​ណា​? ឆ្កែ​ខាំ​ជើង​ខ្ញុំ...ខ្ញុំ​មិន

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១០

សម្ដេច​តេ​ជោ​ថ្លែង​នៅ​ក្នុង​ពិធី

(​រូបថត ​ច័ន្ទថា​)

សម្ដេច​តេ​ជោ​ថ្លែង​នៅ​ក្នុង​ពិធី

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ប្រឆាំង​ដែល​បាន​ប្តឹង​សម្តេច​នៅ​​តុលា ​ការ​ក្រុង​ញូវ​យ៉ក ។ សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​បាន​ច្រាន​ចោល​សំដី​អគុណ​ធម៌​​​​រ​បស់​អ្នក ​ប្រឆាំង​ដែល​បាន​និយាយ​ប្រមាថ​ដោយ​សម្តេច​បាន​បញ្ជាក់​ថា សុំ​ទោស ​អ្នក​ណា​លុត​ជង្គង់​អង្វរ​អ្នក​ណា...? អ្នក​ណា​សុំ​ទោស​អ្នក​ណា...?

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​រិះ​គន់​​​ខ្លាំងៗ​​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១០ នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ ជូន​ដល់​និស្សិត​ថ្នាក់​​បរិ​ញ្ញា​បត្រ​រង និង​បរិ​ញ្ញាបត្រ​នៃ​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​សរុប​ចំនួន​៣៧៣​នាក់ នារី​១៦២​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​​ជោគ​ជ័យ​ក្នុង​ឆ្នាំ​សិក្សា​២០០៧-២០០៨ និង​ឆ្នាំ​សិក្សា​២០០៨-២០០៩ ។ ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០០៥ សរសេរ​សំបុត្រ​សុំ​ទោស​មក​ខ្ញុំ​ច្បាស់​ណាស់​ ។ ពេល​នោះ​ខ្ញុំ​ក៏​ស្នើ​សុំ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ ។ ហើយ​ពេល​នោះ​សម្តេច​​ក្រុម​ព្រះ​មិន​​អស់​ព្រះ​ទ័យ​ទេ ដោយ​សារ​បណ្តឹង​ជា​បណ្តឹង​​របស់​លោក...​រួច​ទៅ​សុំ​លើក​លែង​ទោស​ពី​នាយក​ រដ្ឋ​​មន្ត្រី ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ធ្ងរ​ថា សុំ​ទោស «ឆ្កែ​ខាំ​ជើង​​ខ្ញុំ ខ្ញុំ​មិន​ខាំ​ជើង​ឆ្កែ​​វិញ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​​យក​ជើង​ទាត់​ឆ្កែ​តែ​ម្តង» ។ ចាំ​ទុក​ទៅ​លើក​លែង​​ទោស​ពេល​​ហ្នឹង ឱ្យ​មក​ជួយ​កែ​រដ្ឋ​ធម្ម​នុញ្ញ​ទេ​បង​ប្រុស ។​ បើ​ស្គាល់​ហ៊ុន សែន មិន​ច្បាស់​ទេ រៀន​ស្គាល់​បន្ថែម​ទៀត ។ អ្នក​ដែល​លើក​អំណាច​ជូន​គណ​បក្ស​ប្រជា​ជន​ដោយ​ដៃ​ទាំង​ពីរ គឺ​គណ​បក្ស​ប្រឆាំង​​ដែល​ជួយ​កែ​រដ្ឋ​ធម្មនុញ្ញ​ពី​ការ​បង្កើត​រដ្ឋា​​ភិបាល ​ដោយ​សម្លេង​២/៣​មក​ ៥០+១ ស៊ី​ដាច់​ប៉ិត​ទទេ ។ ចំណែក​បក្ស​នយោ​បាយ​នានា​ បើ​ចង់​ជេរ ជេរ​គណ​បក្ស​ប្រឆាំង​​ទៅ​​អី​​ក៏​ល្ងង់​ម៉្លេះ បើ​ទុក​២/៣​តថ្លៃ លៀន​អណ្តាត គណ​បក្ស​ប្រជា​ជន​មាន​៦០-៧០​ភាគ​បង្កើត​រដ្ឋា​ភិបាល​​អត់​បាន​គាំង​មួយ​ ឆ្នាំ ។ តថ្លៃ​​អង្គៀម​ឆ្អឹង​នៅ​ទ្រឹង...ចេះ​ប្រើ​ណាស់​ប្រព័ន្ធ​២/៣ ។ បើ​ដូច្នោះ​គេ​បង្រៀន​របៀប​នេះ​ទៅ​ហើយ បោះ​ឆ្នោត​ហើយ​គេ​ទៅ​រួមគ្នា​គេ​ទៅ ដល់​យើង​តថ្លៃ​បន្តិច​ទៅ​ឱ្យ​ច្រើន​ទៅ​​ក៏​មក​​ម្តង​ជា​ពីរ​ដង ។ ​សម្តេច​តេជោ​បញ្ជាក់​ថា លេង​ម្តង​ឱ្យ​ចប់​តែ​ម្តង ហើយ​ឱ្យ​​មាន​ស្ថិរ​ភាព​​ប្រទេស​ផង​ដែរ កុំ​ឱ្យ​បោះ​ឆ្នោត​រួច​ហើយ​វា​គាំង ឥឡូវ​នេះ​គណ​បក្ស​ប្រជា​ជន​កំពុង​គ្រប់​គ្រង​ជាង​២/៣ ។

សម្តេច​ធ្លាប់​បាន​មាន​ប្រសាសន៍​ច្រើន​ដង​ហើយ​ថា ទោះ​បី​គណ​បក្ស​ប្រជា​ជន​ក្នុង​១​អាណត្តិ​ចុះ​​១០​​កៅអី​ក៏​ដោយ ឆ្នាំ​២០១៣ ចុះ​១០​​កៅអី​ទៀត ក៏​គណ​បក្ស​ប្រជា​ជន​នៅ​តែ​ឈ្នះ ។ ដល់​ឆ្នាំ​២០១៨ ចុះ​១០​កៅអី​ទៀត សល់​៧០​កៅអី​ក៏​នៅ​តែ​ឈ្នះ អីុចឹង​លោក​ឯង​ដេក​ចាំ​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​​ទៅ...។ សម្តេច​បាន​បង្ហើប​ឱ្យ​ដឹង​ថា កូន​សោ​សំរាប់​បើក​ចូល​ស្រុក​ខ្មែរ​ គឺ​ហ៊ុន សែន ។ ឥឡូវ​ឱ្យ​ហ៊ុន សែន អង្វរ...​ចាំ​តើ ។ ហើយ​តុលា​ការ​ណា​មាន​សិទ្ធិ​មក​ធ្វើ​ខ្ញុំ ។ តុលា​ការ​អាមេ​រិក​មាន​សិទ្ធិ​អ្វី​មក​លើ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ។ ខ្ញុំ​ថា​នេះ​ប្រហែល​ជា​ឆ្កួត​ទេ...។ សូម​ពិនិត្យ​តែ​ខ្លួន​ឯង​ទៅ​ សូម​ផ្តាំ​ទៅ​វិញ​ផង ទំនាស់​នោះ​វា​មាន​ច្រើន​ពេក​ហើយ ឥឡូវ​​មាន​អ៊ុន​តាក់​ក្នុង​បក្ស​នយោ​បាយ​មួយ​ដោះ​​ដូរ​ប្រធាន​ខេត្ត​​នេះ ខេត្ត​នោះ​វិល​អស់​ហើយ មិន​ដឹង​ជា​អ្នក​ណា​ជឿ​អ្នក​ណា​ទេ គិត​តែ​ខ្លួន​ឯង​ទៅ ពង្រឹង​ខ្លួន​ឯង​ទៅ ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា សម្តេច​ត្រូវ​ទៅ​អឺរ៉ុប​ទៀត ទៅ​ប្តឹង​​នៅ​ប៊្រុច​​សែល​ទៀត​​ទៅ​ ព្រោះ​នោះ​ជា​កន្លែង​ NATO ហើយ ។​ ក្នុង​ឋានៈ​ជា​អ្នក​សំរប​សំរួល​អាស៊ាន-អឺរ៉ុប សម្តេច​នឹង​ថ្លែង​សុន្ទរក​ថា​ជា​មួយ​អ្នក​ដទៃ​ទៀត​ក្នុង​ពេល​បើក ហើយ​ក៏​ចូល​រួម​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​វគ្គ​ចុង​ក្រោយ ។ បើ​ថា​មិន​ខ្មេះ​ទេ នេះ​​ពិត​ជា​មិន​ស្គាល់​មេឃ​កំពស់​ណា​​មែន ខ្លួន​ឯង​សរសេរ​សំបុត្រ​សុំ​ទោស​គេ ដើម្បី​សុំ​ចូល​ស្រុក​ បែរ​ជា​ឥឡូវ​មក​ប្តឹង​គេ​វិញ ល្អ​មើល​ម្យ៉ាង​ដែរ ៕

ស្រឡាញ់ប្តូរផ្តាច់ ឡាក់ឆុងរៀបការមិនបាន​ នាងធ្វើអត្តឃាត

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០១០

គូស្នេហ៍គ្មានវាសនាជាប្តីប្រពន្ធនឹងគ្នា

(រូបថត រក្សា)

គូស្នេហ៍គ្មានវាសនាជាប្តីប្រពន្ធនឹងគ្នា

ខេត្ត ​​បន្ទាយ​មាន​ជ័យ ៖ ជា​ហេតុ​ផល​ដែល​ស្ទើរ​តែ​ស្មាន​មិន​ដល់​ ចំពោះ​ការ​​ជ្រើស​រើស​វិធី​ធ្វើ​អត្ត​ឃាត​ ព្រោះ​តែ​បុរស​ដែល​នាងស្រលាញ់​​ប្តូរ​ផ្តាច់ និង​រំពឹង​ថា ជា​គូ​អនាគត​លុះ​អវសាន​នៃ​ជីវិត​នោះ ​បែរ​ជា​​ចាស់ៗ​ថា ខុស​ថ្ងៃ​ខែ​​​​យក​គ្នា​មិន​បាន។ ដោយ​សារ​បំណង​​កប់​ក្នុង​​បេះ​ដូង​ត្រូវ​បរា​ជ័យ​ បាន​ធ្វើ​ឱ្យ​នាង​ក្រមុំ​​រូប​ស្រស់​សោភា​ម្នាក់​​ធ្វើ​អត្ត​​ឃាត​មិន​អាច​ ជួយ​បាន។ នាង​ក្រមុំ​​ដែល​បរា​ជ័យ​ នឹង​បញ្ហា​នេះ​ឈ្មោះ​ស៊ុក​ សោ​ភ័ស្ស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ធ្វើ​អត្ត​ឃាត​ដោយ​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ទាំង​វ័យ​ក្មេង​​ ព្រោះ​តែ​តូច​ចិត្ត​នឹង​វាសនា​របស់​នាង​​ដែល​គ្មាន​ឱកាស​បាន​រៀប​​ការ​ជា​ មួយ​សង្សារ​​​សំណព្វ​ចិត្ត​របស់​ខ្លួន​ឈ្មោះ​គឹម ហ្គោ​រាំង អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្លា​កែត ឃុំ​ស្លា​កែត ក្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ​និង​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​នាង​ផង​ដែរ។

ហេតុ​ការណ៍​ដែល​ភ្ញាក់​ផ្អើល​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី១១ តុលា។ លោក​វរ​សេនីយ៍​ត្រី រ៉ែម វីរៈ អធិ​ការ​នគរ​បាល​ក្រុង​​សិរី​សោភ័ណ បាន​ឱ្យ​ដឹង​ថា បើ​តាម​សំដី​អះ​អាង​ពី​ឈ្មោះ​អ៊ឹម ស៊ឹម អាយុ៥១​ឆ្នាំ ជា​ឪពុក​ និង​ឈ្មោះ​ព្រីន មុំ អាយុ​៤៧​ឆ្នាំ ជា​ម្តាយ​បាន​ប្រាប់​សមត្ថ​កិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​សព​ថា កូន​ស្រី​របស់​គាត់​ដែល​ឈាន​ដល់​​ការ​ធ្វើ​អត្ត​ឃាត​នេះ ទំនង​មក​ពី​នាង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​រឿង​សង្សារ​ត្រូវ​ជា​បង​ជីដូន​មួយ​ ដែល​បាន​​ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លិច​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ ចំពោះ​ពួក​គាត់​ជា​អ្នក​អាណា​ព្យា​បាល​ក៏​គ្មាន​បំណង​បំបែក​បំបាក់​​ស្នេហា​ របស់​​ពួក​គេ​ដែរ ព្រោះ​​ឈ្មោះ​គឹម ហ្គោ​រាំង ជា​​ក្មួយ​បង្កើត​របស់​គាត់​ ហើយ​ក៏​ត្រូវ​ជា​បង​​ជីដូន​មួយ​​កូន​ស្រី​គាត់​ដែរ។

ពួក​​គាត់​បាន​​រៀប​រាប់​ថា មុន​ពេល​កើត​ហេតុ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គាត់​បាន​យក​ថ្ងៃ​ ខែ​ ឆ្នាំ​ ឈ្មោះ​គឹម ហ្គោ​រាំង និង​ថ្ងៃ ខែ​ឆ្នាំ​កូន​ស្រី​របស់​​គាត់​ទៅ​​ឱ្យ​គ្រូ​មើល​ តែ​មិន​ត្រូវ​គ្នា​ គឺឡាក់​ឆុង​មិន​អាច​រៀប​ការ​បាន​ទេ។ ប្រហែល​ជា​នាង​ដឹង​រឿង​នោះ​ហើយ បាន​ជា​នាង​សុខ​ចិត្ត​ធ្វើ​អត្ត​ឃាត​ដោយ​លួច​ផឹក​ថ្នាំ​ពុល​សំលាប់​ខ្លួន ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ស្ម័គ្រ​របស់​នាង។ មន្ត្រី​នគរ​បាល​ដែល​បា​នចុះ​ទៅ​ត្រួត​ពិនិត្យ​ផ្ទះ​ជន​រង​គ្រោះ ក៏​បាន​បញ្ជាក់​ថា បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឪពុក​ គឺ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ តុលា គាត់​បាន​ឃើញ​កូន​ស្រី​​ចុះ​ពី​លើ​ផ្ទះ​មក​ដី​ គាត់​ចាំ​ឃ្លាំ​មើល​មួយ​សន្ទុះ​ក៏​​ឡើង​មក​វិញ ហើយ​គាត់​ក៏​បិទ​ភ្លើង​ដេក​ទៅ​។ ប្រហែល​ជា​១៥​នាទី​ក្រោយ​មក ស្រាប់​តែ​ឮ​សំលេង​កូ​នស្រី​គាត់​ស្រែក​ឱ្យ​ជួយ​ពេល​នោះ​ទើប​ដឹង​ថា កូន​ស្រី​គាត់​លេប​ថ្នាំពុល​ ​រួច​ទៅ​ហើយ​ តែ​មិន​ដឹង​ជា​ថ្នាំ​ប្រភេទ​អ្វី​នោះ​ទេ។ ពេល​នោះ​គាត់​បាន​យក​កូន​ស្រី​​ទៅ​មណ្ឌល​សុខភាព​សង្កាត់​កំពង់​ស្វាយ និង​បន្ត​ដឹក​ទៅ​ព្យា​បាល​នៅ​គ្លីនិក​​យីហោ​ទេវិន​រក្សា​សុខ​ រួច​បន្ត​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​កម្ពុជា-ជប៉ុន​នៅ​​ស្រុក​ មង្គល​បុរី​ទៀត ប៉ុន្តែ​ដោយ​អំណាច​ថ្នាំ​ពុល​ខ្លាំង​ នាង​ក៏​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១២​យប់​ក្នុង​ថ្ងៃ​ដដែល​។

លោក​វរ​សេនីយ៍​​ត្រី​ រ៉ែម វីរៈ បាន​បន្ត​ឱ្យ​ដឹង​ថា ​សព​នារី​រង​គ្រោះ​ ក្រោយ​ពី​សមត្ថ​កិច្ច​ធ្វើ​ការ​ត្រួត​ពិនិត្យ​រួច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី។ តាម​ប្រភព​ព័ត៌​មាន​ពី​ក្នុង​ពិធី​បុណ្យ​បាន​ឱ្យ​ដឹង​ថា​ យុវ​ជន​គឹម ហ្គោ​រាំង​ ក៏​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​ទាំង​ក្តី​ក្តុក​ក្តួល​នេះ​ដែរ រូប​គេ​បាន​បង្ហាញ​នូវ​ការ​សោក​ស្តាយ​បំផុត​ដែល​នាង​បាន​ធ្វើ​អត្ត​ឃាត​។ តាម​ព័ត៌​មាន​ថា​ ពួក​គេ​ទាំង​២​មាន​ឪពុក​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា។ មេបា​មួយ​រូប​និយាយ​ថា​ កូន​ប្រុស​​ឆ្នាំ​មមែ​ ខែ​អាសាធ​ ថ្ងៃ​​សុក្រ​ ឯ​កូន​ស្រី​ឆ្នាំ​ច ខែ​អស្សុជ​ ថ្ងៃ​សៅរ៍។ ពួក​គេ​បង​ប្អូន​គ្នា​៤​ឆ្នាំ​ជា​ឆ្នាំ​គូ​តាម​ការ​ទស្សន៍​ទាយ​មិន​អាច​យក​ គ្នា​ជា​ប្តី​-ប្រពន្ធ​បាន​ទេ បើ​ក្រ​រក​បាយ​ស៊ី​មិន​បាន​ផង​។ គេ​មិន​ដឹង​ថា ទំនាយ​​បែប​នេះ​មាន​ឥទ្ធិ​ពល​បែប​ណា​មក​លើ​ជី​វិត​ជាក់​ស្តែង​របស់​មនុស្ស​ នោះ​ទេ​​។ ជំរើស​យក​វិធី​ធ្វើ​អត្ត​ឃាត​បែប​នេះ ជា​ភាព​ទាល់​ច្រក​មួយ​នៃ​បញ្ហា​ស្នេហា​ដែល​មិន​គប្បី​ជ្រើស​រើស​យក​វា​ឡើយ។ គួរ​ឱ្យ​​សោក​ស្តាយ​ណាស់ ចំពោះ​គំនិត​ខ្លី​​បែប​នេះ៕

ទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​ស្លាប់​អ្នក​ឡើង​ភ្នំ​ដង​រែក​កាប់ឈើគ្រញូង

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០១០
ខេត្ត ​ឧត្ត​រ​មាន​ជ័យ ៖ តាម​ប្រភពព័ត៌​មាន​​នា​ល្ងាច​ថ្ងៃ​ទី១២ តុលា បានឱ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​នៅ​តែ​ឡើង​ភ្នំ​ដង​រែក​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង ​ត្រូវ​បាន​ទាហាន​ឈុតខ្មៅសៀម​​បាញ់​ស្លាប់​២​របួស​១ រត់​រួច​៥​នាក់។ ហេតុ​ការណ៍​ទាហាន​សៀម​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង៩ យប់ថ្ងៃ​ទី១១ តុលា ឆ្នាំ​២០១០ ​នៅ​ចំណុចអូរ​ទឹក​ចោល ​ភូមិកសិពោធិ វង្ស សង្កាត់​បន្សាយរាក់ ក្រុង​សំរោង។

អ្នក​ស្លាប់​ទី១-ឈ្មោះ​ទិត្យ ប្រាច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ទី២-ឈ្មោះវុធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ​ ទាំង​២​នាក់​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ទី៣-ឈ្មោះសែត ណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខ​របរ​ធ្វើស្រែ អ្នកទាំង​៣​នាក់​រស់នៅភូមិ​កសិ​ពោធិវង្ស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង រីឯ​៥​នាក់​ទៀត​បាន​រត់​រួច។

ទោះ​បី​ជា​បែប​ណា លោក​វរ​សេនីយ៍​ឯក​ណាញ់ សុវណ្ណ ប្រធាន​ក្រុម​ការ​ងារទំនាក់​ទំនង​ព្រំ​ដែននា​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ អូរស្មាច់​​បានឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ព័ត៌​មាន​នេះ​លោក​ក៏​បាន​ឮដែរ តែ​លោក​ពុំ​ទាន់​បាន​ទទួលព័ត៌​មាន​ច្បាស់​ការណ៍​នៅ​ឡើយ​ទេ ហើយ​លោក​បាននិង​កំពុង​ចាត់​ឱ្យមន្ត្រី​ការ​ងារ​របស់​​ធ្វើ​ការ​ទំនាក់​ទំនង​ ទៅ​ខាងភាគី​​ថៃ ហើយ​ដើម្បី​បញ្ជាក់​ពីព័ត៌​មាន​នេះ ​ទើប​លោក​អាចបំភ្លឺ​បាន​៕

ចាប់​រំលោភ​កូនចុង​ទាំង​កំរោល​5ថ្ងៃ​ក្រោយ​សមត្ថ​កិច្ច​ចាប់ខ្លួន

ដោយ ៖ ខេ​ម​រិ​ទ្ធ​​

ដកស្រង់ពីកាសែតកោះសន្តិភាព​បុរស​អគតិ​ត្រូវបាន​​នគរបាល​ចាប់ខ្លួន

បុរស​អគតិ​ត្រូវបាន​​នគរបាល​ចាប់ខ្លួន

ខេត្ត ​បាត់ដំបង ៖ ​បុរស​អគតិ​ម្នាក់​ត្រូវបាន​​នគរបាល​ចាប់ខ្លួន ក្រោយ​ពី​ប្រពន្ធ​បាន​ដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់​កាលពី​ព្រឹកថ្ងៃ​ទី​១១ តុលា ថា លោកប្តី​តិរ​ច្ឆាន​រូបនេះ​បាន​ចាប់​រំលោភ​សេព​សន្ថវៈ​កូនស្រី​របស់គាត់ ដែលជា​កូន​​ប្តី​មុន ​មានអាយុ​១៥​ឆ្នាំ ។សមត្ថ​កិច្ច​បាន​ប្រាប់​ថា ស្ត្រីជា​ប្រពន្ធ​បាន​ប្តឹង​ចោទ​ថា បុរសជា​ប្តី​រូប​នេះ​បាន​ចាប់រំលោភ​កូន​ស្រី​ចុង​កាលពីថ្ងៃទី​៦ តុលា ​វេលា​ម៉ោង​៥​ល្ងាច នៅ​​ក្នុងចំការ​ខាង​ក្រោយ​​ផ្ទះ ​ស្ថិត​នៅ​​ឃុំ​ត្រែង ស្រុក​​រតន​មណ្ឌល ។


លោករស់ លឹមសឺន អធិការរង​ស្រុករតន​មណ្ឌល​ បាន​និយាយ​ថា បុរសជា​ប្តី​ដែលត្រូវ​ប្រពន្ធ​ប្តឹង​ចោទប្រកាន់​នេះ​ឈ្មោះ​សូត្រ សែ អាយុ​៤០​ឆ្នាំ ​រី​ឯ​កូនចុង​ដែល​រង​គ្រោះ​អាយុ​១៥​ឆ្នាំ ។ លោក​អធិការ​រង​រូប​នេះ​បាន​និយាយ​ថា បុរស​នេះ​បាន​ចាប់​កូនស្រី​ចុង​រំលោភ​ទាំង​កំរោល ពីក្រោយ ​ពេល​​នាង​កំពុង​ឱន​ចាប់​សត្វ​កញ្ចែ ដែល​ឪពុក​ចុង​កំហូច​រូបនេះ​បបួលទៅ​​ចាប់​ក្នុង​ចំការ​ក្រោយ​ផ្ទះ​ចំងាយ​​ ប្រហែល​២០០ម៉ែត្រ ។ បុរស​​នេះ​បាន​គំរាម​រក​សំលាប់​កូនស្រី​ចុង​នេះ បើ​​នាង​ហ៊ាន​ធ្វើ​​ឱ្យ​បែកការណ៍​ ប៉ុន្តែ​នាង​មិន​ខ្លាច ហើយ​បាន​ប្រាប់​ម្តាយ​នាង​ភ្លាមៗ ប៉ុន្តែ​ដោយ​​សារ​ផ្លូវ​លំបាក​ ទើប​ម្តាយ​នាង​មានការ​យឺ​តយ៉ាវ​ក្នុងការ​មក​ដាក់​ពាក្យ​បណ្តឹង​​នៅប៉ុស្តិ៍​ នគរបាល ។


ស្ត្រីជា​ម្តាយ​បាន​ប្រាប់សមត្ថ​កិច្ច​ថា ក្រោយ​​ពេល​ត្រូវ​ឪពុក​ចុង​រំលោភ​ កូនស្រី​គាត់​ធ្លាក់​ឈាម​​មិនឈប់ និង​ភ័យ​ស្លន់ស្លោ ។ ពេល​ឃើញ​ដូច្នេះ​ប្តី​គំរក​់​បាន​សារ​ភាព​ប្រាប់​គាត់​តា​មត្រង់​​អំពីទង្វើ ​ដ៏អាក្រក់​របស់​ខ្លួន ។ លុះ​នៅព្រឹកថ្ងៃទី​១១ តុលា ទើបគាត់​ធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្តិ៍​នគរ​បាល​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ ។​ដោយ​ឡែក ក្មេង​ស្រីរងគ្រោះ​បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​ដែរ​ថា ឪពុក​ចុង​បាន​នាំ​​នាង​ទៅ​ចាប់​សត្វ​កញ្ចែ ហើយពេលនាង​ឱន​ចាប់​សត្វ​​នោះ ស្រាប់តែ​ឪពុកចុង​​នាង​​ស្ទុះ​មក​ចាប់​ឱប​នាង​ពី​ក្រោយ ហើយស្រាត​រំលោភ​នាង​ទាំង​កំរោល​តែ​ម្តង ។


នៅចំពោះ​មុខ​សមត្ថ​កិច្ច​ បុរស​តិរច្ឆាន​រូប​​នេះ​បាន​សារ​ភាព​ថា​ ខ្លួន​ពិតជា​បាន​ចាប់​កូនស្រី​ចុង​រំលោភ​បែបនេះ​មែន ប៉ុន្តែ​​មិន​បាន​សំរេច​ទេ។ ទោះបី​ជា​យ៉ាង​ណា លោក​អធិការ​រង​បាន​បញ្ជាក់​ថា បុរស​ជា​ឪពុក​ចុង​រូប​នេះ ពិត​​ជា​បាន​​ចាប់​​រំលោភ​នាង​បាន​សំរេច​មែន ព្រោះ​នាង​បាន​ធ្លាក់ឈាម​មិន​ឈប់ ។ លោកប្រាប់​ថា​ ក្រោយ​ពី​ប្រពន្ធ​ដាក់ពាក្យ​បណ្តឹង​ កំលាំង​របស់​លោក​បាន​ចុះទៅ ចាប់ខ្លួន​ជននេះ​ភ្លាមៗ​តែម្តង។

Followers

Related Posts Plugin for WordPress, Blogger...